សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន សិស្សានុសិស្ស និងនិស្សិតឱ្យបានជ្រាបថា ក.ប.ទ. នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)” ដើម្បីលើកកម្ពស់ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល វិស្វកម្ម រូបវិទ្យា និងគណិតវិទ្យា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកលំហអាកាសផងដែរ។
កម្មវិធីនេះផ្តល់ឱកាសដល់សិស្សានុសិស្សនិងនិស្សិតកម្ពុជា ក្នុងការអនុវត្តជាក់ស្តែងលើការសរសេរកូដក្នុង Simulator សម្រាប់ការបញ្ជារ៉ូបូតនៅក្នុងស្ថានីយលំហអាកាសអន្តរជាតិ (International Space Station “ISS”) ដើម្បីពង្រឹងជំនាញដោះស្រាយបញ្ហា ការគិតវិភាគ ការធ្វើការជាក្រុម និងការចូលរួមកសាងសមត្ថភាពដែលពាក់ព័ន្ធនឹងវិស័យលំហអាកាស ព្រមទាំងបង្កើនបណ្តាញទំនាក់ទំនងថ្នាក់ជាតិនិងអន្តរជាតិ។ កម្មវិធីប្រកួតប្រជែងនេះនឹងបែងចែកចេញជា ២កម្រិត គឺ៖
- កម្រិតដំបូង៖ សម្រាប់សិស្សនៅវិទ្យាល័យអាយុក្រោម១៦ឆ្នាំ
- កម្រិតមធ្យម៖ សម្រាប់សិស្សវិទ្យាល័យឬនិស្សិតមហាវិទ្យាល័យ ដែលមានចំណេះដឹងក្នុងការសរសេរកូដ ដោយមិនកំណត់អាយុ។
១. លក្ខខណ្ឌនៃការជ្រើសរើស
- ត្រូវមានសញ្ជាតិខ្មែរ (ស្ត្រីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ)
- ត្រូវចុះឈ្មោះជាក្រុម ដោយមានសមាជិកចំនួន ៣ - ៦ នាក់/ក្រុម
- ត្រូវបំពេញព័ត៌មាន និងទម្រង់បែបបទចូលរួមប្រកួតឱ្យបានត្រឹមត្រូវនិងពេញលេញ
- ជាសិស្ស ឬនិស្សិតដែលមានចំណាប់អារម្មណ៍លើវិទ្យាសាស្ត្រលំហអាកាស រ៉ូបូត ការសរសេរកូដ ឬបច្ចេកវិទ្យាថ្មីៗ និងអាចប្រើប្រាស់ភាសា Python ឬ C++ បាន
- ត្រូវចូលរួមការបណ្តុះបណ្តាល ឬការណែនាំ និងស្វ័យសិក្សាលើឯកសារដែលកម្មវិធីផ្តល់ជូន
- ត្រូវគោរព និងអនុវត្តតាមលក្ខខណ្ឌនៃការប្រកួត។
២. អត្ថប្រយោជន៍នៃកម្មវិធី
- ទទួលបានចំណេះដឹង និងបទពិសោធថ្មីៗផ្នែកសរសេរកូដ និងវិទ្យាសាស្ត្រលំហអាកាស
- ទទួលបានការបណ្តុះបណ្តាល និងការណែនាំពីអ្នកជំនាញ
- បង្កើនសមត្ថភាពការងារជាក្រុម ការគិតវិភាគ និងការដោះស្រាយបញ្ហា
- បង្កើតបណ្ដាញទំនាក់ទំនងជាមួយសិស្ស និស្សិត និងអ្នកជំនាញពីបណ្ដាប្រទេសផ្សេងៗ
- ក្រុមសិស្សនិស្សិតដែលឈ្នះឬមានសមត្ថភាព មានឱកាសដើម្បីជ្រើសរើសជាតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ
ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ពី ក.ប.ទ. សម្រាប់ក្រុមជ័យលាភីទាំង ៣ក្រុម នៃកម្រិតនីមួយៗ ដូចខាងក្រោម៖
+ សម្រាប់កម្រិតដំបូង
- ក្រុមជ័យលាភីលេខ១ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៦លានរៀល
- ក្រុមជ័យលាភីលេខ២ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៣លានរៀល
- ក្រុមជ័យលាភីលេខ៣ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ១,៤លានរៀល។
+ សម្រាប់កម្រិតមធ្យម
- ក្រុមជ័យលាភីលេខ១ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៨លានរៀល ព្រមទាំងឱកាសចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៅប្រទេសជប៉ុន
- ក្រុមជ័យលាភីលេខ២ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ៤លានរៀល
- ក្រុមជ័យលាភីលេខ៣ ទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់ចំនួន ២លានរៀល។
- ក្នុងករណីក្រុមតំណាងកម្ពុជាអាចជាប់ក្នុងលំដាប់ Top5 ក្នុងថ្នាក់តំបន់ នឹងទទួលបានការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមទៀត ចំនួន ១២លានរៀល។


៣. កាលបរិច្ឆេទ និងនីតីវិធីនៃការជ្រើសរើស
- សិស្សានុសិស្ស និងនិស្សិត ដែលមានចំណាប់អារម្មណ៍ក្នុងការទទួលព័ត៌មានបន្ថែម អាចចុះឈ្មោះចូលរួមសិក្ខាសាលាផ្សព្វផ្សាយដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការ ក.ប.ទ. ដោយត្រូវចុះឈ្មោះតាម https://go.gov.kh/mptc/seminar ត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
- ក្រុមនីមួយៗ ដែលមានបំណងចូលរួមការប្រកួតប្រជែង ត្រូវដាក់ពាក្យតាមរយៈ https://go.gov.kh/mptc/kibo-pro ខាងក្រោមចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
- ក្រុមនីមួយៗត្រូវសរសេរកូដនិងដាក់ស្នើកូដរបស់ខ្លួន (Submit locally compiled code) ទៅក្នុង Simulator ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧
- ក្រុមនីមួយៗដែលបានដាក់ស្នើកូដទៅក្នុង Simulator ត្រូវចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិក្នុងប្រទេស នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៧ ដើម្បីស្ដាប់លទ្ធផល (Pre-recorded simulation results) និងទទួលបានការផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្រុមជ័យលាភី
- ក្រុមនីមួយៗដែលបានដាក់ស្នើកូដទៅក្នុង Simulator ត្រូវចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិក្នុងប្រទេស នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៧ ដើម្បីស្ដាប់លទ្ធផល (Pre-recorded simulation results) និងទទួលបានការផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្រុមជ័យលាភី
- ក្រុមជ័យលាភីលេខ១ នៃកម្រិតមធ្យម ត្រូវចូលរួមប្រកួតបន្តវគ្គផ្ដាច់ព្រ័ត្រថ្នាក់តំបន់នៅកំឡុងខែមិថុនា ឆ្នាំ២០២៧ នៅប្រទេសជប៉ុន
- ព័ត៌មានបន្ថែមនឹងត្រូវជូនដំណឹងដល់អ្នកចុះឈ្មោះចូលរួមតាមរយៈអ៊ីមែល។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន សិស្សានុសិស្ស និងនិស្សិត ជ្រាបជាព័ត៌មាន និងចូលរួមដាក់ពាក្យចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ។
#KiboRPC2027 #KiboRPC #STEMCambodia #Robotics #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

