ការរីកចម្រើននៃបច្ចេកវិទ្យា បានបង្កើតឱកាសការងារ ក៏ដូចជាអាជីពជាច្រើន ដែលមិនធ្លាប់មានពីមុនមក ហើយក្នុងនោះ ការរកចំណូលពីយូធូប ក៏ត្រូវបានគេរាប់បញ្ចូលថាជាវិធីរកចំណូលបន្ថែម ឬពេញម៉ោងដ៏ពេញនិយមផងដែរនៅក្នុងពេលបច្ចុប្បន្ននេះ។
ជុំវិញការរកលុយពីយូធូបនេះផងដែរ លោក ព្រំ ប្រុស ម្ចាស់យូធូបឆានែល Primitive Technology KH ដែលមានអ្នក Subscribed បានចែករំលែក ៤ចំណុច ដែលគួរគិតបើចង់ចាប់ផ្ដើមរកចំណូលពីយូធូប ដូចខាងក្រោម៖
១.វីដេអូសាកល៖ លោក ព្រំ ប្រុស បានលើកឡើងថា សម្រាប់អ្នកចង់ចាប់ផ្ដើមរកចំណូលពីយូធូប គួរតែផលិតវីដែអូសាកល មនុស្សទូទាំងពិភពលោកអាចមើលបាន ទើបអាចមានឱកាសរកចំណូលបានច្រើន ជាជាងការផលិតវីដេអូដែលមើលយល់តែប្រទេសយើង។
២.ចាប់មាតិការមួយឱ្យច្បាស់៖ លោក ព្រំ ប្រុស បានឱ្យដឹងផងដែរថា អ្នកចង់ចាប់ផ្ដើមធ្វើយូធូបភាគច្រើន គឺច្រើនតែមិនដឹងផលិតមាតិការ (Content) អ្វី។ បើតាមបទពិសោធន៍របស់លោក គឺគួរតែចាប់មាតិកការណាមួយឱ្យជាប់កុំបែកឆ្វេង ហើយផ្ដោតផលិតវីដេអូនោះ ឱ្យបានល្អ ធ្វើជាប្រចាំរហូតឆានែលមានអ្នកតាមដាន អាចរកចំណូលបាន។
៣.មិនបំពានច្បាប់៖ យូធូប មានចែងច្បាប់ និងមានគោលការណ៍ត្រឹមត្រឹម ហេតុនេះ បើចង់ធ្វើជាអ្នកផលិតវីដេអូ ហើយអាចរកចំណូលបានពីយូធូប ដាច់ខាតគឺមិនត្រូវផលិតវីដេអូ ឬធ្វើសកម្មភាពណាមួយដែលខុសទៅនឹងច្បាប់របស់យូធូបឡើយ ពីព្រោះថាបើខុសច្បាប់យូធូប ទោះឆានែលធំប៉ុណ្ណាក៏យូធូបអាចបិទចោលដែរ។
៤.តស៊ូ និងអត់ធ្មត៖ លោក ព្រំ ប្រុស លើកឡើងថា សម្រាប់អ្នកចង់ចាប់ផ្ដើមផលិតវីដេអូរកចំណូលពីយូធូប ត្រូវតែមានការតាំងចិត្តឱ្យបានមុតមាំ ហើយត្រូវខំប្រឹងប្រែងសិក្សារៀនសូត្រនិងខំប្រឹងធ្វើវាជាប្រចាំកុំបោះបង់។ ជាក់ស្ដែង ដូចជារូបលោកផ្ទាល់កាលថតវីដេអូដាក់យូធូប ក្នុងពេល១ឆ្នាំដំបូង លោកមិនអាចរកចំណូលបានសូម្បីតែ១រៀល ប៉ុន្ដែដោយសារតែមានការតស៊ូ ការអត់ធ្មត់ និងការខិតខំប្រឹងប្រែងជាប្រចាំអាចធ្វើឱ្យលោកដើរមកបានដូចសព្វថ្ងៃ។
លោក ព្រំប្រុស បានសង្កត់ធ្ងន់ថា ៤ចំណុចខាងលើនេះ វាគ្រាន់តែជាការចែករំលែកនូវបទពិសោធន៍បន្ដិចបន្ទួចដែលលោកមានតែប៉ុណ្ណោះ។ យ៉ាងណាមិញ លោកជឿថា ៤ចំណុចខាងលើនេះ គឺនៅតែមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ ហេតុនេះបងប្អូនគួរតែទៅសិក្សាស្រាវជ្រាវ ក៏ដូចជារៀនសូត្រពីអ្នកពូកែៗផ្សេងៗទៀត បានកាន់តែច្រើនកាន់តែល្អដើម្បីចៀសវាងពីបញ្ហាផ្សេងៗនៅពេលចាប់ផ្ដើមធ្វើ៕