អស្ចារ្យមែន! សហគ្រិនវ័យក្មេងខ្មែរ ៣រូប ជាប់ចូលក្នុងបញ្ជីមនុស្សវ័យក្មេង ៣០នាក់នៅអាស៊ីមានឥទ្ធិពលបំផុត
Sakada Techie
MAY 17 2025
PR
2 mins read

ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ - ជា​ពេល​ដ៏​គួរ​ឲ្យ​មោទនៈ​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ Startup ​ដែល​កំពុង​រីកចម្រើន​ខ្លាំងនៅ​កម្ពុជា សហគ្រិន​វ័យក្មេង​កម្ពុជា​បី​រូប​ទទួល​បាន​កន្លែង​មួយ​នៅ​ក្នុង​បញ្ជី​ឈ្មោះ ៣០ ក្រោម ៣០ អាស៊ី” (30 Under 30 Asia) ប្រចាំ​ឆ្នាំ​២០២៥ របស់​ទស្សនាវដ្តីល្បីល្បាញ Forbes

លោក ស៊ូ សេដ្ឋី កញ្ញា ស៊ូ ស្រីពៅ និង​កញ្ញា អ៊ុង លីឡាយ ដែល​ជា​សហស្ថាបនិក​របស់ Jalat Logistics ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន B2B (អាជីវកម្ម​ទៅ​អាជីវកម្ម) ដំណាក់កាល​ចុងក្រោយ​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ពី​បេក្ខជន​រាប់ពាន់​នាក់ ដើម្បី​ចូលរួម​ជាមួយ​នឹង​បុគ្គល​ត្រួសត្រាយ​ផ្លូវ​ចំនួន ៣០០ នាក់​ផ្សេងទៀត​នៅ​ទូទាំង​ទ្វីបអាស៊ី ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ចំពោះ​ភាព​ឆ្នើម និង​ឥទ្ធិពល​របស់​ពួកគាត់​នៅ​ក្នុង​វិស័យ​រៀងៗ​ខ្លួន។

ពួកគាត់​ត្រូវ​បាន​ទទួលស្គាល់ទៅលើផ្នែក ការលក់រាយ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិកសម្រាប់​វិធីសាស្ត្រ​ប្រកបដោយ​ការច្នៃប្រឌិត​ក្នុង​ការផ្លាស់ប្តូរ​វិស័យ​ដឹកជញ្ជូន​នៅ​ក្នុង​ប្រទេស​តាមរយៈ​បច្ចេកវិទ្យា និង​ដំណោះស្រាយ​ដឹកជញ្ជូន​ដែល​ត្រូវ​បាន​ធ្វើ​មូលដ្ឋានីយកម្មសម្របទៅតាមទីផ្សារនៃប្រទេសកម្ពុជា។

បង្កើត​ឡើង​មិន​ដល់​បី​ឆ្នាំ​ផង Jalat Logistics បាន​ទទួល​ការចាប់អារម្មណ៍​យ៉ាង​ឆាប់រហ័ស​ចំពោះ​ការប្រើប្រាស់​ប្រតិបត្តិការ​ដែល​ដំណើរការ​ដោយ​បញ្ញា​សិប្បនិម្មិត (AI) និង​ឃ្លាំង​ចល័ត ដែល​ជា​រ៉ឺម៉ក​ចល័ត​ដែល​ចត​នៅ​ទីតាំង​យុទ្ធសាស្ត្រ​នានា​នៅ​ទូទាំង​ទីក្រុង ដែល​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​ដឹកជញ្ជូន​អាច​ចូល​ទៅ​យក​បញ្ញើ​បាន​កាន់តែ​ជិត​នឹង​ទីតាំង​ដឹកជញ្ជូន ដែល​ជួយ​ពន្លឿន​ការដឹកជញ្ជូន​ក្នុង​ថ្ងៃ​តែមួយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) យ៉ាង​ខ្លាំង។

លោក ស៊ូ សេដ្ឋី ដែល​ជា​នាយក​ប្រតិបត្តិ និង​សហស្ថាបនិក បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍ ​ថា នៅ​កម្ពុជា តម្រូវការ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​មានការ​កើនឡើង ហើយ​បញ្ហា​ប្រឈម​តែងតែ​ជា​ការដឹកជញ្ជូន​ដែល​អាច​ទុកចិត្ត​បាន មាន​តម្លៃ​សមរម្យ និង ល្បឿនលឿន ទាំង​នៅ​តំបន់​ទីក្រុង និង​រវាង​ទីក្រុងយើង​ចង់​ដោះស្រាយ​បញ្ហា​នោះ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ដំណោះស្រាយ​ដែល​ត្រូវ​បាន​ធ្វើ​មូលដ្ឋានីយកម្ម ដែល​សមស្រប​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ អ្នកដឹកជញ្ជូន និង SMEs របស់​យើង។

អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​វិនិយោគិន​អន្តរជាតិ​នៅ​ឆ្នាំ​២០២៤ ដោយ​ទទួល​បាន​ការផ្តល់​មូលនិធិ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុងស្រុក IG International Group ក្រុមហ៊ុន​ Venture Studios Satori Giants ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី និង X Venture Holding ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង ដែល​ជា​សញ្ញា​បង្ហាញ​ពី​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​តំបន់​ចំពោះ​សក្តានុពល​បច្ចេកវិទ្យា​របស់​កម្ពុជា។

ការដាក់បញ្ចូល Jalat ទៅ​ក្នុង​បញ្ជី​របស់ Forbes បាន​ធ្វើ​ឲ្យ​ពួកគាត់​ស្ថិតនៅ​ក្នុង​ចំណោម​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​ដែល​មាន​សក្តានុពល និង​ប្រកបដោយ​ការច្នៃប្រឌិត​ផ្សេងទៀត​នៅ​ទូទាំង​ទ្វីបអាស៊ី ហើយ​បាន​បញ្ចាំង​ពន្លឺ​ទៅលើ​រលក​ថ្មី​នៃ​សហគ្រិន​វ័យក្មេង​កម្ពុជា​ដែល​កំពុង​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ជាមួយ​នឹង​ដំណោះស្រាយ​ដែល​អាច​ពង្រីក​ខ្លួនបានរហ័ស។

ខណៈ​ដែល​ការទទួលស្គាល់​របស់ Forbes គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ ក្រុមការងារ​បាន​និយាយ​ថា ការយកចិត្តទុកដាក់​របស់​ពួកគាត់​នៅតែ​ផ្តោត​លើ​ការពង្រីក​ប្រតិបត្តិការ និង​ធ្វើ​ឲ្យ​ការដឹកជញ្ជូន​កាន់តែ​ងាយស្រួល​សម្រាប់​អាជីវកម្ម​គ្រប់​ទំហំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

គូសបញ្ជាក់ផងដែរថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី​៩ ហើយដែលបញ្ជី Forbes 30 Under 30 Asia គឺជា​បញ្ជី​មួយ​ដែល​ត្រូវ​បាន​គេ​គោរព​ឱ្យតម្លៃបំផុត​នៅ​លើ​ពិភពលោក ដោយមាន​អ្នក​ដែល​ធ្លាប់​ទទួល​បាន​កិត្តិយស​កាលពីមុន​រួមមាន Melanie Perkins (ស្ថាបនិក Canva), Harshil Mathur (Razorpay), Eric Gnock Fah (Klook), Tan Min-Liang (Razer) និង​តារា​ល្បីៗ​លំដាប់​ពិភពលោក​ដូចជា BTS ជាដើម។

Screenshot 2025 05 17 at 11.04.49 in the Morning

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia