មោទនភាព! ឧបករណ៍បច្ចេកវិទ្យាតាមដានទឹកជំនន់បង្កើតដោយខ្មែរ នាំចេញទៅលក់នៅប្រទេសអាស៊ានពីរ
Sakada Techie
APRIL 8 2024
នវានុវត្តន៍
2 K views
1 min read

ជារឿងគួរឱ្យរំភើប បច្ចេកវិទ្យាតាមដានទឹកជំនន់ច្នៃបង្កើតឡើងដោយក្រុមហ៊ុន ArrowDot មានមូលដ្ឋាននៅកម្ពុជា មានស្ថាបនិក និង បុគ្គលិកជាជនជាតិខ្មែរយើង ចាប់ផ្ដើមបើកជើងមេឃនាំចេញទៅប្រទេសអាស៊ានចំនួនពីរ ដូចជា​ ហ្វីលីពីន និង ឡាវ។

ថ្លែងប្រាប់ក្រុមការងារចាបខៀវ លោក លឹម សង្វារ នាយកប្រតិបត្តិ ក្រុមហ៊ុន ArrowDot បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ នេះ លោកនិងក្រុមការងារបាននាំចេញនូវឧបករណ៍ដែលច្នៃបង្កើតឡើង “Made in Cambodia” នេះទៅកាន់ប្រទេសទាំងពីរខាងលើចំនួន ៥០គ្រឿង។

សម្រាប់ឧបករណ៍តាមដានទឹកជំនន់ ឬ Flood Warning System នេះដែរ ជាឧបករណ៍តភ្ជាប់នឹងអ៊ីនធឺណេត ឬ IoT មួយបែបមានតួរនាទីក្នុងការតាមដានសញ្ញាទឹកជំនន់ និង ឱ្យដំណឹងមុន ដើម្បីឱ្យអ្នកស្ថិតក្នុងតំបន់ទឹកជំនន់អាចភៀសខ្លួនចេញបានទាន់ពេលវេលា។

20231229 010148659 I Os

ឧបករណ៍ដដែលនេះត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជាយើងជាច្រើនទីតាំងរួចទៅហើយ ចំនួន ៤៣ គ្រឿង ក្រោមឈ្មោះខេមរភាសាដ៏ពិរោះ “ឧបករណ៍វាស់កំពស់ទឹកទេពមច្ឆា” ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យហើយប្រជាជនគ្រប់គ្នាអាចចូលទៅតាមដានបាន តាមគេហទំព័រ EWS1294 – Cambodia's Early Warning System

គូសបញ្ជាក់ផងដែរថា សម្រាប់ក្រុមហ៊ុន ArrowDot ជាក្រុមហ៊ុនបង្កើតឡើងដោយខ្មែរយើង រកស៊ីទៅលើវិស័យច្នៃបង្កើតគ្រឿងអេឡិចត្រូនិកផ្សេងៗក្នុងការដោះស្រាយបញ្ហាជាច្រើន ដោយបច្ចុប្បន្ននេះមានការច្នៃបង្កើតផ្សេងៗទៀតដូចជា ឧបករណ៍តាមដាន និង ត្រួតពិនិត្យស្ពាន ឧបករណ៍វាស់កម្រិតទឹក និងភាពរាំងស្ងួតជាដើម។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia