ចេញសាលក្រមមកហើយ! តុលាការសម្រេចផ្ដន្ទាទោស អតីតមេ Binance ជាប់ពន្ធនាគារ ៤ ខែលើរឿងនេះ
Sakada Techie
MAY 1 2024
អាជីវកម្ម 4.0
90 views
1 min read

លោក Changpeng Zhao ឬអ្នកនិយមគ្រីបតូស្គាល់ថា CZ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Binance បានត្រូវតុលាការសហរដ្ឋអាមេរិកផ្ដន្ទាទោសជាប់ពន្ធនាគារ ៤ ខែក្រោយលោកសារភាពកំហុស ទាក់ទងនឹងរឿងជាប់ពាក់ព័ន្ធខុសទៅនឹងច្បាប់ការពារការលាងលុយនៅសហរដ្ឋអាមេរិកនេះបើតាមការចុះផ្សាយពី សារព័ត៌មាន CNBC។

កន្លងទៅកាលពីខែវិច្ឆការឆ្នាំ ២០២៣ លោក Zhao បានទទួលស្គាល់ទៅលើកំហុសមួយក្នុងការខកខានមិនបានបំពេញឱ្យគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌតម្រូវទាក់ទិននឹងច្បាប់ការពារការលាងលុយនៅសហរដ្ឋអាមេរិក ស្របពេលនោះដែរលោកបានលាលែងពីតំណែងនៅក្រុមហ៊ុន Binance ហើយក្រុមហ៊ុន Binance ដូចគ្នាក៏យល់ព្រមបង់ប្រាក់ពិន័យ ៤.៣ពាន់លានដុល្លារផងដែរ។

តាមប្រភពដដែលបានឱ្យដឹងថា ក្នុងសវនការ លោក Zhao ទទួលស្គាល់កំហុសដោយមានសម្រង់សម្ដីរបស់លោកបាននិយាយថា “ខ្ញុំជឿចាជំហានដំបូងនៃការមានទំនួលខុសត្រូវនោះគឺទទួលស្គាល់កំហុសពេញទំហឹង។ ខ្ញុំបានបរាជ័យក្នុងការដាក់បញ្ចូលឱ្យបានគ្រប់គ្រាន់នូវកម្មវិធីប្រឆាំងនឹងការលាងលុយ…ខ្ញុំទទួលស្គាល់នៃភាពធ្ងន់ធ្ងរនៃកំហុសនេះ”។

សម្រាប់វិស័យគ្រីបតូ ករណីជាប់ពន្ធាគារ របស់លោក CZ ជាករណីធំបំផុតមួយក្នុងវិស័យនេះបន្ទាប់ពីមានការផ្ដន្ទាទោស មេផ្សារជួញដូរគ្រីបតូ FTX exchange លោក Bankman-Fried រយៈពេល ២៥ ឆ្នាំទាក់ទងនឹងការលួចបន្លំទឹកប្រាក់រហូតដល់ ៨ពាន់លានដុល្លារពីអតិថិជន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia