ជាធម្មតានៅក្នុងទូរស័ព្ទ iPhone ពេលដែលយើងបើកមុខងារ AirDrop គឺវាមានជម្រើស3ដើម្បីឱ្យយើងជ្រើសរើសគឺ Receiving off, Contacts only, និង Everyone។ ដោយឡែកថ្មីៗនេះ Apple បានធ្វើការបញ្ចេញកំណែរទម្រង់ថ្មី iOS 16.1.1 ដោយកំណែទម្រង់ថ្មីមួយនេះគឺបានធ្វើការកំណត់ទៅលើការប្រើប្រាស់មុខងារ AirDrop នៅក្នុងទឹកដីចិន លែងឱ្យមានការបើកប្រើសេរីដូចមុនទៀតហើយ។
ដោយយោងទៅតាមការចុះផ្សាយរបស់ Bloomberg បានឱ្យដឹងថា អ្នកដែលបានឡើងទៅដល់ iOS 16.1.1 គឺនឹងទទួលបានមុខងារនេះ ដោយវាអាចទទួលទិន្នន័យពីអ្នកផ្សេងដែលមិនស្គាល់គ្នាពីមុនមកត្រឹមតែយៈពេល10នាទីប៉ុណ្ណោះ ហើយសម្រាប់មុខងារនេះពីមុនមកគឺមិនមានការកំណត់នាទីដូច្នេះទេ។
ប្រភពដដែលក៏បានបន្តថា បន្ទាប់ពីគេបានបើកមុខងារនោះអស់រយៈពេល10នាទីនោះវាត្រឡប់ទៅកាន់មុខងារដើមវិញគឺ Contacts Only ដែលអាចនិយាយបានថាវាពិបាកក្នុងការដែលឱ្យអ្នកដ៏ទៃមិនដែលស្គាល់គ្នាអាចជ្រៀតចូលផ្ញើឯកសារផ្តេសផ្តាសបាន។
យ៉ាងណាមិញបើតាម 9to5Mac វិញក៏បានឱ្យដឹងផងដែរថា ចំពោះការហាមមិនឱ្យប្រើមុខងារណាមួយនៅលើ iPhone ដោយសេរីគឺមិនមែនជាលើកទីមួយសម្រាប់ Apple នោះទេជាក់ស្តែងដូចជា Emoji ទង់ជាតិតៃវ៉ាន់ គឺមិនមាននៅលើទូរស័ព្ទដែលលក់ក្នុងប្រទេសចិន។
គូសបញ្ជាក់ផងដែរថា ចំពោះការបញ្ចេញកំណែរទម្រង់ថ្មីដែលមិនឱ្យអ្នកប្រើប្រាស់ iPhone ប្រើបានសេរីនូវមុខងារ AirDrop នោះគឺដោយសារតែមានក្រុមអ្នកតវ៉ាមួយចំនួនបានប្រើប្រាស់មុខងារ AirDrop នេះដើម្បីធ្វើការចែកចាយរូបភាពប្រឆាំងនឹងប្រធានាធិបតេយ្យនិងរដ្ឋាភិបាលជាដើម។
អត្ថបទដោយ៖ រិន មករា