Tablet កម្រិតថវិការតែរចនាដូចកម្រិតថ្លៃ Redmi Pad របស់ Xiaomi តម្លៃជាង200ដុល្លារ ធ្វើការបានមួយចប់ | Full Review
Makara Rin
NOVEMBER 28 2022
អេឡិចត្រូនិក
432 views
3 mins read

នេះគឺជា​ Tablet កម្រិតថវិការរបស់ Mi ឈ្មោះថា Redmi Pad តម្លៃវាតែជាង200ដុល្លារទេ តែរាងរៅវិញសឹងតែប្រហែលពួក Flagship ដែរ វាមានអេក្រង់2K Speaker 4គ្រាប់ អាចស្តាប់ Surround sound បានដូចក្នុងរោងកុន ហើយក្នុងវីដេអូនេះនឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីមុខងារពិសេសមួយចំនួនទៀត ដែលគេបញ្ចូលនៅក្នុង Redmi Pad នេះ។

Design

សម្រាប់ការចនារូបរាងខាងក្រៅរបស់ Redmi Pad នេះឃើញថា វាមានលក្ខណៈសាមញ្ញ ស្អាត មិនកាចពេកហើយក៏មិនស្លូតពេកដែរ​។ ហើយចំពោះអេក្រង់របស់វាវិញគឺមានទំហំ 10.61​អិញ ប្រភេទ IPS LCD អាបង្ហាញបានដល់កម្រិត 2K និងអាចបញ្ចេញបានដល់ 1ពាន់លានពណ៌ ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំឃើញថាអេក្រង់ 2K ហ្នឹងមានសឹងតែគ្រប់ Tablet ដែលមានកម្រិតតម្លៃប្រហាក់ប្រហែលគ្នាហ្នឹង។ អ៊ីចឹងបើនិយាយពីគុណភាពនៃការបង្ហាញវិញគឺវាអាចបញ្ចេញពណ៌មកបានដិតច្បាស់ល្អ មិនសូវជាធ្វើឱ្យស្លេកប៉ុន្មានទេពេលដែលយើងមើលវានៅកន្លែងដែលមានពន្លឺចាំងចូលខ្លាំង ព្រោះថាអានេះអាចបញ្ចេញពន្លឺបានរហូតដល់ 400nits។

អេក្រង់របស់ Redmi Pad មួយនេះគឺបើយើងមើលទៅគឺមិនសូវជាសល់គែម Bezel ធំដែលធ្វើឱ្យយើងពិបាកមើលប៉ុន្មានទេនិយាយទៅគឺគេមកសល់តូចល្មម ហើយសម្រាប់ការមើលវីដេអូនៅលើ YouTube អីក៏មិនសល់គែមលើក្រោម ហើយពង្រីកមកក៏ដាច់សាច់វីដេអូដែរ។

មួយទៀតអេក្រង់របស់ Redmi Pad មួយនេះគឺមាន Refresh Rate ត្រឹមតែ 90Hz ទេ ប៉ុន្តែខ្ញុំគិតថាល្បឿន Refresh Rate ប៉ុណ្ណឹងវាអត់ចោទជាបញ្ហាទេកុំឱ្យតែធ្លាក់ដល់ 60Hz អីអាហ្នឹងបានត្រូវបារម្ភ ហើយបើតាមបទពិសោធន៍ជាក់ស្តែងរបស់ខ្ញុំកន្លងមក​ ខ្ញុំអាចអូសលេងហ្គេមបានបានរអិលមិនទាក់ប៉ុន្មានទេ​ ហើយចំពោះការ Preview ក៏ដូចជា​​ Playback ទៅលើការកាត់វីដេអូក៏ធូរដែរ។

ប៉ុន្តែប្រសិនបើយើងចង់សន្សំថ្មមិនចង់ឱ្យអស់ឆាប់ពេក យើងអាចកំណត់  Refresh Rate ឱ្យមកនៅត្រឹមតែ 60Hz ក៏បានចឹងម៉ាស៊ីនវានឹលៃលកទៅតាមហ្នឹងហើយ។

Speaker

អ៊ីចឹងសម្រាប់ Speaker របស់វាវិញគឺមាន 4គ្រាប់ដែលលើ2ក្រោម2 ដែលបំពាក់មកជាមួយបច្ចេកវិទ្យា Dolby Atmos សម្រាប់គុណភាពវិញគឺវាអាចបញ្ចេញសំឡេងមកក្រៅបានឮស្អាតល្អ និងបុកណែនទៀត ហើយដូចខ្ញុំបានបញ្ជាក់នៅខាងលើចឹង វាបំពាក់មកជាមួយនឹងបច្ចេកវិទ្យា​ Dolby Atmos ដែលធ្វើឱ្យបទពិសោធន៍នៃការស្តាប់សំឡេងពេលដែលយើងមើលរឿងអីផ្សេងៗដែលមានមកជាមួយនឹង Surround Sound គឺអានេះធ្វើបានល្អមែនទែន។

មួយទៀត អ្នកទាំងអស់គ្នាមានឃើញរន្ធមួយនៅក្បែរន្ធ Mic ហ្នឹងអត់ ហើយអាហ្នឹងមិនជារន្ធសម្រាប់ដាក់ស៊ីមអីទេ និយាយទៅវាគឺជារន្ធសម្រាប់ដាក់ microSD ទេ។

Feature

ចំពោះមុខងារទូរទៅដែលយើងតែងតែឃើញមាននៅលើ Tablet នោះគឺ Split Screen អ៊ីចឹងមុខងារហ្នឹងគឺអាចឱ្យយើងធ្វើការងារបានស្រួលមែនទែន ដោយមិនចាំបាច់ថយចេញពីកម្មវិធីត្រឡប់ចុះត្រឡប់ឡើងទេ។

យ៉ាងណាមិញខ្ញុំគិតថាវាក៏នៅមានមុខងារ2ទៀតដែលខ្ញុំគិតថាប្លែកដែរគឺ ការបង្ហាញល្បឿនអិនធឺណេតជាមួយនឹងការស្តាយបង្ហាញភាគរយថ្ម។

ចឹងចំពោះមុខងារ Connection Speed គឺវាអាចឱ្យយើងដឹងពីល្បឿននៃអិនធឺណេតដែលយើងកំពុងតែប្រើប្រាស់ហើយដើម្បីអាចចូលទៅបើកមុនងារហ្នឹងបានគឺគ្រាន់តែចូលទៅកាន់ Setting>Notification and Control Center>Status bar>បន្ទាប់មកចុចបើកលើមុងារ​ Show connection speed ហ្នឹងមក។

មួយទៀតគឺជម្រើសនៃការបង្ហាញភាគរយថ្ម ហើយក្នុងហ្នឹងវាមាន4ជម្រើសសម្រាប់ឱ្យយើងជ្រើសរើស​​ ដូច្នេះអ្នកអាចរើសបានតាមចំណង់ចំណូលចិត្ត។

Specification

សម្រាប់ Spec របស់​ Redmi Pad នៅនឹងដៃខ្ញុំនេះគឺបំពាក់ទៅដោយឈីប 6nm MediaTek helio G99ប្រើជាមួយ Android 12 និង MIUI 13 រួមជាមួយនឹងទំហំ RAM 8GB ក៏ដូចជា​ Storage 128GB ផងដែរ។

ហើយសម្រាប់កម្លាំងរបស់វាវិញក៏មិនខ្សោយណាស់ណាដែរ​ និយាយទៅក្រៅតែពីធ្វើការងារធម្មតាទូទៅ ខ្ញុំអាចលេងហ្គេមបានធំៗមួយចំនួនបាន មិនទាក់ទេ​ហើយខ្ញុំបានតេស្តទៅលើហ្គេមដូចជា Call of Duty, Alphart 9, វាអាចរត់បាន Smooth គ្រាន់បើដែរ ហើយចំពោះ Graphic វិញក៏បញ្ចេញមកបានត្រជាក់ភ្នែកដែរ។

Camera

Redmi Pad មួយនេះមានកាមេរ៉ាក្រោយទំហំ​ 8MP ដែលជំនួយក្នុងការថតរូប ប៉ុន្តែសម្រាប់រូបភាពដែលចេញមកគឺមិនសូវច្បាស់ប៉ុន្មានទេ តែខ្ញុំគិតថាវាមិនមែនជារឿងចម្លែកព្រោះ Tablet គេធ្វើមកមិនមែនសម្រាប់ផ្តោតទៅលើការថតអីប៉ុន្មានទេ​។

ហើយកាមេរ៉ាមុខក៏អ៊ីចឹងដែរវាមានទំហំ 8MP ដូចគ្នា ហើយខ្ញុំគិតថាគេដាក់កាមេរ៉ានេះមកគឺដើម្បីទុកសម្រាប់ Call Video ។

Battery

ចំពោះថ្មរបស់វាវិញមានទំហំ 8000mAh ដែលទំហំថ្មធំប៉ុណ្ណឹងវាកាន់ថ្មបានគួរសម ប្រសិនបើយើងប្រើវាសម្រាប់ធ្វើការទូទៅគឺអាចតស៊ូបានពីព្រឹកដល់ម៉ោងងូតទឹកហើយចូលដេកឯណោះ ប៉ុន្តែប្រសិនបើថ្ងៃណា Stress ចង់វៃហ្គេមអីគឺវាអាចតស៊ូបានតែពេលព្រឹកដល់ពេលជិះម៉ូតូចេញទៅផ្ទះទេ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team