អ៊ីនធើណេត Starlink របស់កំពូលមហាសេដ្ឋី Elon Musk កំពុងពង្រីកវិសាលភាពរបស់ខ្លួនពីតំបន់អឺរ៉ុបចូលដល់តំបន់អាស៊ី និងប្រទេសសមាជិកអាស៊ានចំនួន២ធំៗ។ នៅចុងឆ្នាំ២០២២នេះ អ៊ីនធើណេត Starlink នឹងជះសេវារបស់ខ្លួនមកលើប្រទេសហ្វីលីពីនតាមរយៈផ្កាយរណប ខណៈបច្ចុប្បន្ននេះក្រុមហ៊ុន SpaceX កំពុងរត់ឯកសារសុំអនុញ្ញាតធ្វើអាជីវកម្ម និងស្វែករកច្រកទ្វារចេញចូលអ៊ីនធើណេតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ usnews។
ក្រៅពីប្រទេសហ្វីលីពីន នៅឆ្នាំ២០២៣ខាងមុខនេះ ប្រទេសម៉ាឡេស៊ីក៏ត្រូវបានគេរំពឹងផងដែរថា នឹងទទួលបានអ៊ីនធើណេត Starlink របស់កំពូលមហាសេដ្ឋី Elon Musk ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ malaymail។ ជាមួយគ្នានេះដែរប្រទេសម៉ាឡេស៊ី ត្រូវបានក្រុមហ៊ុន SpaceX អនុញ្ញាតឱ្យកក់លុយទុកមុនក្នុងតម្លៃ ៩៩ដុល្លារ។
ដោយឡែកប្រទេសហ្វីលីនពីនវិញក៏មិនខុសគ្នាដែរ សម្រាប់តម្លៃបង់ប្រចាំខែគឺ ៩៩ដុល្លារ ប៉ុន្តែតម្លៃទិញសម្ភារៈដើម្បីបម្រើឱ្យអ៊ីនធើណេត Starlink នេះគឺ ៤៩៩ដុល្លារ ដោយអតិថិជននឹងបានមកវិញនូវ ចានផ្កាយរណប, Wifi router, និងឧបករណ៍មួយចំនួនទៀត។
គូសបញ្ជាក់ថាបច្ចុប្បន្ននេះអ៊ីនធើណេត Starlink កំពុងគ្របដណ្ដប់សេវារបស់ខ្លួន ចំណួន៣២ប្រទេសនៅជុំវិញពិភពលោក ហើយប្រទេសដែលមានអ្នកប្រើច្រើនជាងគេនោះគឺ អាមេរិកខាងជើង អឺរ៉ុប នូវែលសេឡង់ និងអូស្ត្រាលីជាដើម។
អត្ថបទដោយ៖ ផែន ផាន់ណា