ប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់បន្ទាប់ពីចិន មានចំនួន 1.417ពាន់លាននាក់ ដោយឡែកចំពោះឧស្សាហកម្មផលិតរថយន្តវិញ ឥណ្ឌាបានក្លាយជាប្រទេសដែលលក់ឡានច្រើនជាងគេលើពិភពលោក ឈរលើលេខរៀងទី៣ ក្នុងឆ្នាំ២០២២ បន្ទាប់ពីចិន និងអាមេរិក។
យោងតាមការចេញផ្សាយពីប្រភព Business standard បានឲ្យដឹងថា ឥណ្ឌាបានធ្វើការវ៉ាដាច់ជប៉ុន ក្លាយជាអ្នកលក់ឡានមានចំនួនច្រើនជាងគេ ទាំងក្នុងស្រុក-ក្រៅស្រុក លេខ៣ បន្ទាប់ពីចិន និងអាមេរិក ដោយបានលក់ឡានអស់ចំនួន ៤.១៣លានគ្រឿងគិតចាប់ដើមខែមករារហូតដល់ចុងខែវិច្ឆកា ឆ្នាំ២០២២ ។
បន្ទាប់មកបើយោងតាមរបាយពីក្រុមហ៊ុន Maruti Suzuki India បានរាយការបន្ថែមទៀត ពីការលក់នៅខែធ្នូក្នុងប្រទេសឥណ្ឌាបានចំនួន ១១៣,៥៣៥គ្រឿងទៀត ដែលធ្វើឲ្យប្រទេសឥណ្ឌាលក់ឡានបានចំនួន ៤.២៥លានគ្រឿង និងប្រទេសជប៉ុនបានលក់ឡានចំនួន ៤.២លានគ្រឿងប៉ុណ្ណោះក្នុងឆ្នាំ២០២២ ធ្លាក់ចុះ ៥.៦% តិចជាងឆ្នាំមុន។
ដោយឡែកសម្រាប់ប្រទេសចិនមានចំនួនលក់ឡានសរុបក្នុងឆ្នាំ២០២២ ចំនួន ២៥.៧៥លានគ្រឿងកើនឡើង ១.៧% និងសហរដ្ឋអាមេរិកបានលក់ឡានសរុបចំនួន ១៣.៨៩គ្រឿងក្នុងឆ្នាំ២០២២ ធ្លាក់ចុះ ៧.៨% ។
គួរជំរាបផងដែរថា បើនៅឆ្នាំ 2021 ប្រទេសចិនគឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារពិភពលោក ដោយលក់រថយន្តបាន ២៦.២៧លានគ្រឿង បន្ទាប់មកគឺសហរដ្ឋអាមេរិកដែលមាន ១៥.៤ លានគ្រឿង និងប្រទេសជប៉ុន ៤.៤៤ លានគ្រឿង៕
អត្ថបទដោយ៖ ព្រឹម ភក្តី