កាលពីថ្ងៃច័ន្ទកន្លងទៅ Google បានធ្វើបញ្ចេញនូវប្រភេទ Quantum Chip ថ្មីមួយឈ្មោះថា Willow ដោយឈីបថ្មីនេះ Google បានអះអាងថា វាអាចដោះស្រាយបញ្ហាក៏ដូចជាគណនាបញ្ហាដែលស្មុគស្មាញក្នុងរយៈពេល៥នាទីប៉ុណ្ណោះ បើធៀបទៅហ្នឹងការប្រើកុំព្យូទ័រធម្មតាវិញ នឹងចំណាយពេលយូរជាងអាយុកាលរបស់ចក្រវាឡទាំងមូលថែមទៀតផង!
ចំពោះឈីប Willow ថ្មីនេះវាមានកម្រិតរហូតដល់ទៅ 105 qubits ដែលវាជាប្រព័ន្ធដំណើរការរបស់ quantum computer មិនតែប៉ុណ្ណោះវាមានសមត្ថភាពគណនាលឿនខ្លាំង ប៉ុន្តែវាក៏ងាយនឹងមានកំហុសខ្លះដែលបណ្តាលមកពីបរិយាកាសខាងក្រៅផងដែរ។ ហើយក្រុមហ៊ុន Google ក៏ដូចជាក្រុមហ៊ុន Microsoft និង IBM ជាដើមក៏កំពុងវិវត្តន៍ quantum computing ដោយសង្ឃឹមថា នៅអនាគត្ដ បច្ចេកវិទ្យានេះនឹងមានសក្តានុពលក្នុងការដោះស្រាយបញ្ហាស្មុគស្មាញរបស់មនុស្ស ជាពិសេសនៅក្នុងវិស័យវេជ្ជសាស្ត្រ Battery Chemistry និងបច្ចេកវិទ្យា AI ជាដើម។
យ៉ាងណាមិញសម្រាប់ឈីប Willow នេះពុំមែនទើបតែកើតថ្មីៗនេះទេពោលគឺវាមានដើមកំណើតជាង១០ឆ្នាំមកហើយតាំងពី Google បានបង្កើត Quantum AI ក្នុងឆ្នាំ២០១២ មកម្លេះដោយគោលបំណងនៃការបង្កើតនេះគឺគេចង់ជួយទៅដល់ប្រព័ន្ធដំណើរការ large-scale quantum computer និងដោះស្រាយបញ្ហាស្មុគស្មាញផ្សេងៗទៀត។
ដោយបានឆ្លងកាត់ការធ្វើតេស្ត Benchmark ទៅលើកម្លាំងក៏ដូចជាសមត្ថភាពរបស់ឈីប Willow នេះគឺវាពិតជាមានសមត្ថភាពខ្លាំង ពោលគឺវាអាចដោះស្រាយបញ្ហាមិនដល់៥នាទីនោះទេ ដែលល្បឿននេះគឺវាអាចយកឈ្នះ Supercomputer ដែលលឿនបំផុតបាន ហើយចំពោះល្បឿនដោះស្រាយបញ្ហារបស់ Supercomputer គឺត្រូវប្រើរយៈពេលរហូតដល់ទៅ 10 septillion ឆ្នាំ ដែលវាស្មើហ្នឹង 10,000,000,000,000,000,000,000,000 ឆ្នាំ ។
ចំពោះប្រិយមិត្តវិញយល់យ៉ាងណាដែរ? គិតថាឈីប Willow នេះអាចនឹងជារលកថ្មីក្នុងការផ្លះប្តូរពិភពលោកដែរទេ?
អត្ថបទដោយ៖ រិន មករា