ហក់ឡើងខ្លាំង! ហាងឆេងមាសសម្រុកឡើងកាត់យប់ អាចមកពីមូលហេតុធំ២នេះ
SOKLY - កូនផ្កាឈូក
NOVEMBER 12 2025
ឌីជីថល
5.7 K views
2 mins read

វេលារំលងអធ្រាត្រ ម៉ោង 12:06am ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តម្លៃហាងឆេងមាសបានហក់ឡើងដល់ 4,199.84ដុល្លារក្នុងមួយអោន (ស្មើនឹងប្រមាណ 5,060ដុល្លារក្នុងមួយតម្លឹង ឬស្មើនឹង506ដុល្លារក្នុងមួយជី)។ នេះបើយោងតាមទិន្នន័យនៅលើគេហទំព័រហាងឆេងមាសសកល GOLDPRICE។

បម្រែបម្រួលនៃតម្លៃរបស់មាសនៅលើទីផ្សារសកល អាចត្រូវបានកើតឡើងក្រោមមូលហេតុជាច្រើន ប៉ុន្តែខាងក្រោមនេះជាមូលហេតុធំៗ២ដែលគួរឱ្យកត់សម្គាល់៖

ទី១-គោលនយោបាយសារពើពន្ធរបស់អាមេរិក៖ រដ្ឋាភិបាលអាមេរិកកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ដោយមាន ការខ្ចីប្រាក់ច្រើន និងការចំណាយថវិកាខ្ពស់។ បន្ថែមពីនេះ ការរំពឹងថា រដ្ឋាភិបាលនឹងបើកដំណើរការឡើងវិញបន្ទាប់ពីការបិទជាបណ្តោះអាសន្ន (government shutdown) ក៏ធ្វើឱ្យទីផ្សារមានភាព មិនច្បាស់លាស់ ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ MINING.COM នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ទី២-គោលនយោបាយរូបិយវត្ថុរបស់អាមេរិក៖  ធនាគាកណ្តាលអាមេរិក (Fed) នៅថ្ងៃទី៣០ ខែតុលា​ បានសម្រេចចិត្តទម្លាក់អត្រាការប្រាក់ ០.២៥% មកនៅត្រឹម ៣,៧៥-៤% ស្របពេលដែលសេដ្ឋកិច្ចអាមេរិកកំពុងស្ថិតក្រោមសម្ពាធពីទីផ្សារការងារ និងសញ្ញាចុះខ្សោយនៃសកម្មភាពផលិតកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters ។

ចំពោះទិសដៅមាស តាមការវិភាគរបស់ Cyrus Moulton និងក្រុមអ្នកវិភាគផ្សេងៗ បានបង្ហាញថា មាសតែងឡើងតម្លៃ គ្រប់ពេលដែលធនាគាកណ្តាលអាមេរិក (Fed) កាត់អត្រាការប្រាក់ ព្រោះការកាត់នេះធ្វើឲ្យដុល្លារចុះខ្សោយ និងអត្រាផលចំណេញពីប័ណ្ណបំណុលធ្លាក់ចុះ។ ដូច្នេះវិនិយោគិនចាប់ផ្តើមបោះបង់ទ្រព្យសកម្មហានិភ័យដូចជា ហ៊ុន និងអចលនទ្រព្យ ហើយចូលទៅវិនិយោគក្នុងទ្រព្យសុវត្ថិភាពវិញដូចជា មាស និងប្រាក់ជាដើម។

ក្នុងនោះលោក Frank Holmes  នាយកប្រតិបត្តិក្រុមហ៊ុន Global Investor និងជាអគ្គនាយកក្រុមហ៊ុន Hive Digital Technologies បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាមាសអាចនឹងឡើងដល់៦០០០ដុល្លារក្នុងមួយអោន(ស្មើនឹង៧២២៨ដុល្លារក្នុងមួយតម្លឹង) ឬស្មើ៧២២ក្នុងមួយជី នៅត្រឹមចុងអាណត្តិរបស់លោកត្រាំនិងក្នុងអាណត្តិនេះ»។ ត្រង់នេះលោកក៏បានបង្ហើបផងដែរថា ប្រសិនបើត្រាំដាក់ពន្ធ ២៥% នោះប្រាក់ដុល្លារអាមេរិកនឹងធ្លាក់ចុះ ២៥% ដែលរុញតម្លៃមាសឲ្យហក់ឡើងខ្ពស់។

គួរជម្រាបផងដែរថា បើតាមគេហទំព័រហាងឆេងមាសសកល GOLDPRICE បានបង្ហាញឱ្យឃើញថា តម្លៃមាសហាក់មានសន្ទុះប្រែប្រួលលឿនខ្លាំងពីមួយនាទីទៅមួយនាទី។ ដោយប្រែប្រួលក្នុងចន្លោះពី ប្រមាណ 4,192ដុល្លារ ទៅដល់ខ្ទង់ 4,205ដុល្លារក្នុងមួយអោន (ឬ 5,050ដុល្លារ- 5,066ដុល្លារ ក្នុងមួយតម្លឹង) នៅមុនម៉ោង ១រំលងអធ្រាត្រ នៃថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia