បញ្ហាស្វែងរកចំណតរថយន្តនៅក្នុងទីក្រុងដែលមានចរាចរណ៍មមាញឹកដូចជារាជធានីភ្នំពេញ តែងតែជាក្ដីកង្វល់មួយសម្រាប់អ្នកបើកបរទូទៅ។ ឆ្លើយតបនឹងតម្រូវការនេះ កម្មវិធីទូរសព្ទដៃឆ្លាតវៃថ្មីមួយដែលមានឈ្មោះថា CamPark (Central Parking Availability) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ដើម្បីជួយដោះស្រាយបញ្ហាស្វែងរកកន្លែងចតរថយន្តប្រកបដោយប្រសិទ្ធភាព។

យោងតាមព័ត៌មានផ្លូវការ កម្មវិធី CamPark គឺជាសមិទ្ធផលលេចធ្លោមួយក្រោមគម្រោង "Central Parking Availability System for Cambodia"។ កម្មវិធីនេះត្រូវបានអភិវឌ្ឍឡើងដោយ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះ គម្រោងនេះក៏ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ EBC-J (Extra-Budgetary Contribution from Japan) នៃប្រទេសជប៉ុន និងសម្របសម្រួលដោយសហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) ផងដែរ។ កម្មវិធីនេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់បទពិសោធន៍ងាយស្រួលដល់អ្នកប្រើប្រាស់ ជាមួយនឹងមុខងារគោលចំនួន ៤ រួមមាន៖
- ងាយស្រួលស្វែងរកចំណតរថយន្តដែលនៅជិតបំផុត៖ ជួយអ្នកប្រើប្រាស់កំណត់ទីតាំងចំណតរថយន្ត ដែលនៅក្បែរគោលដៅរបស់ពួកគេបានយ៉ាងរហ័ស។
- ស្វែងរកចំណតទំនេរឆ្លាតវៃ (Real-time Availability)៖ នេះគឺជាមុខងារដ៏លេចធ្លោមួយ ដែលអាចបង្ហាញទិន្នន័យចំណតទំនេរភ្លាមៗក្នុងពេលជាក់ស្ដែង (Real-time) ជួយឱ្យអ្នកបើកបរដឹងមុនថាកន្លែងណាមានកន្លែងចត។

- សន្សំពេលវេលា និងជៀសវាងការធ្វើដំណើរមិនចាំបាច់៖ កាត់បន្ថយការបើកបរក្រឡឹងរកចំណតចុះឡើង ដែលជួយសន្សំសំចៃទាំងពេលវេលា និងប្រេងឥន្ធនៈ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍។
- ពិនិត្យមើលព័ត៌មានលម្អិត៖ អ្នកប្រើប្រាស់អាចចូលមើលព័ត៌មាន ពេលវេលាប្រតិបត្តិការ និងទីតាំងពិតប្រាកដនៃចំណតរថយន្តនីមួយៗបានយ៉ាងច្បាស់លាស់មុនពេលធ្វើដំណើរទៅដល់។

ការលេចចេញជារូបរាងនៃកម្មវិធី CamPark នេះ គឺជាជំហានវិជ្ជមានមួយទៀតក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានៅកម្ពុជា ជាពិសេសក្នុងការចូលរួមចំណែកប្រែក្លាយរាជធានីភ្នំពេញឱ្យទៅជាទីក្រុងឆ្លាតវៃ (Smart City) ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ទាញយកនៅលើ IOS និង Android
អត្ថបទដោយ៖ ផែន ផាន់ណា
Tech Content Local
ទស្សនាវីដេអូ៖
