ពូកែមែន! ទើបតែ១៩ឆ្នាំសោះ យុវជនរូបនេះ អាចបង្កើតផ្លែតហ្វមបង្រៀនកូដជាភាសាខ្មែរ ដល់សិស្សរាប់រយនាក់
Navasiri Morm
FEBRUARY 7 2023
អាជីវកម្ម 4.0
5.3 K views
2 mins read

នេះគឺជារឿងដ៏គួរឱ្យសរសើរមួយ ដោយយុវជនខ្មែរមួយរូប គឺលោក ប៉ាង វរៈ ឧត្តម អាចបង្កើតនូវផ្លែតហ្វមបង្រៀនមេរៀនសរសេរកូដកម្មវិធីជាភាសាខ្មែរឈ្មោះ  Uddompang.com  ដែលមានសិស្សចូលរៀនជាង២០០នាក់ជាង​ និងមានសិស្សជាច្រើចូលរៀនជាបន្ដបន្ទាប់ ខណៈជំនាញសរសេរកូដកម្មវិធី គឺជាជំនាញដែលកំពុងតែមានតម្រូវការទីផ្សារមួយ នៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ Technology Cambodia លោក ប៉ាង វរៈ ឧត្តម បានឱ្យដឹងថា ខ្លួនបានចាប់ផ្ដើមរៀនសរសេរកូដតាំងតែពីរៀនថ្នាក់ទី១០ មកម្លេះ ដែលធ្វើឱ្យលោកមានសមត្ថភាព អាចសរសេរកូដបង្កើតកម្មវិធី វេបសាយ និង App ផ្សេងៗបាន។​ ហើយបច្ចុប្បន្ននេះ​លោកកំពុងតែរៀនបន្ដនូវជំនាញវិទ្យាសាស្រ្ដកុំព្យូទ័រ ឆ្នាំទីនៅឯងសាកលវិទ្យាល័យមួយនៅក្នុងប្រទេសអូស្រ្ដាលីផងដែរ។

33

លោក ប៉ាង វរៈ ឧត្តម បានឱ្យដឹងទៀតថា មូលហេតុដែលោកបង្កើតផ្លែតហ្វម  Uddompang.com នេះឡើងគឺដោយសារតែ លោកមើលឃើញថា បច្ចុប្បន្ននេះ មានមនុស្សជាច្រើនចង់ចាប់ផ្ដើមរៀនសរសេរកូដ ប៉ុន្ដែអ្វីដែលជាបញ្ហា គឺមេរៀនសរសេរកូដទាំងអស់នោះ ភាគច្រើនមានតែមេរៀនជាភាសាអង់គ្លេស មិនសូវមានជាភាសាខ្មែរនោះឡើយ ហេតុនេះហើយកាលពីឆ្នាំ២០២២​ កន្លងទៅនេះលោកក៏បានសម្រេចចិត្តបង្កើតផ្លែតហ្វម Uddompang.com ឡើងមក ដោយមានគោលដៅក្នុងការផលិតមេរៀនសរសេរកូដខ្លីខ្លឹមងាយយល់ ទៅតាមកម្រិយនីមួយៗ និងមានតម្លៃសមរម្យដែលមនុស្សទូទៅអាចមានលទ្ធភាពចូលរៀនបាន ពោលគឺចំណាយត្រឹមតែ ៩.៩៩ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

លោក ប៉ាង វរៈ ឧត្តម បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ តាមរយៈផ្លែតហ្វមរបស់លោកមានសិស្សរហូតដល់ទៅជាង ២០០នាក់ និងមានអ្នកបន្ដធ្វើការចុះឈ្មោះចូលរៀនជាងរៀងរាល់ថ្ងៃ។ ហើយអ្វីដែលកាន់តែពិសេស សម្រាប់ការផ្លែតហ្វមរៀនកូដ Uddompang.com ត្រូវបានទទួលស្គាល់ដោយ បណ្ឌិត Ng Tek Ming ដែលជាសាស្ត្រាចារ្យរង និងព្រឹទ្ធបុរសផ្នែកព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ថាជាផ្លែតហ្វមដែលគួរឱ្យទុកចិត្ត និងមានប្រសិទ្ធិភាពបំផុតមួយសម្រាប់ការរៀនសរសេរកូដអនឡាញ ដែលសិស្សនិស្សិតកម្ពុជាជាច្រើនបានបង្ហាញពីការពេញចិត្តទៅលើវគ្គសិក្សានៅលើផ្លែតហ្វម Uddompang.com។

34

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ ក្រៅពីការបង្កើតផ្លែតហ្វមបង្រៀនសរសេរកូដ លោក ប៉ាង វរៈ ឧត្តម ក៏ជាអ្នកផលិតមាតិកាមួយរូបផងដែរ។ ដោយភាគច្រើនលោក ផលិតវីដេអូពាក់ព័ន្ធនឹងបច្ចេកវិទ្យា ក៏ដូចជាការសរសេរកូដផ្សេងៗ​ តាមរយៈហ្វេសប៊ុកផេក Uddom Pang និង TikTok ឈ្មោះ uddomp។ ដោយឡែកប្រសិនបើអ្នកចង់រៀនពីរបៀបសរសេរកូដ ជាមួយនឹងវគ្គសិក្សា ខ្លីខ្លឹម ងាយយល់ និងមានតម្លៃសមរម្យ​​ អាចចូលទៅកាន់គេហទំព័រ Uddompang.com ឬអាចចូលទៅកាន់ហ្វេសប៊ុកផេក Uddom Site

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (Tel: 0966034563 | Telegram: @Navasiri)

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia