យោងតាមការចេញផ្សាយរបស់កាសែត Wall Street Journal កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន បានឲ្យដឹងថាកំពូលមហាសេដ្ឋី Elon Musk នឹងធ្វើបុរី១០០ខ្នង ជួលឲ្យបុគ្គលិកដែលកំពុងបម្រើការក្នុងក្រុមហ៊ុន Boring Co., Tesla និង SpaceX របស់លោក ដោយក្នុងមួយផ្ទះមានតម្លៃជួលប្រហែល ៨០០ដុល្លារ/មួយខែ។
ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា លោក Elon Musk និងក្រុមហ៊ុនរបស់គាត់គឺមានដី 3,500 ហិចតាក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលគ្រោងនឹងសាងសង់បុរីទុកឲ្យបុគ្គលរបស់គាត់ជួល សម្រាប់រស់នៅ និងធ្វើការ។ ដោយឡែកនៅក្នុងគម្រោងបុរីដែល Elon Musk ដាក់ឈ្មោះថា Snailbrook នេះ អ្នកជួលនឹងទទួលបាននូវអាងហែលទឹក១ កន្លែងលែងកីឡា សាលារៀន Montessori សម្រាប់ក្មេងៗ កន្លែងបោះឆ្នោត បន្ទប់គេង២ ទៅ៣ និងអត្ថប្រយោជន៍ទទួលបានជាច្រើនទៀត។
គូសបញ្ជាក់ថា គិតមកត្រឹមពេលនេះមានបុគ្គលិករបស់លោក Elon Musk ជាច្រើននាក់ហើយ ដែលបានកក់បុរីនេះ ដោយតម្លៃវិញគឺក្រោមទីផ្សារ ក្នុងសហរដ្ឋអាមេរិក ហើយមូលហេតុដែលលោកសាងសង់បុរីនេះឡើង ក៏ព្រោះតែនៅតំបន់នោះ មានបុគ្គលិកលោករស់នៅច្រើនជាងតំបន់រោងចក្រផ្សេងទៀត៕
អត្ថបទដោយ៖ ផែន ផាន់ណា