ខ្លាំងមែន! ក្រុមហ៊ុន Micron ផលិត Memory មានទំហំផ្ទុកធំបំផុតលើលោក ១.៥T ត្រៀមលក់ឱ្យមនុស្ស១ក្រុមនេះ
Navasiri Morm
JUNE 26 2022
អេឡិចត្រូនិក
352 views
1 min read

កាលពីពេលថ្មីៗនេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Micron Technology, Inc. បានប្រកាសពីភាពជោគជ័យក្នុងការស្រាវជ្រាវអភិវឌ្ឍន៍ និងត្រៀមផលិតមីក្រូអេសឌី(MicroSD) ឬខ្មែរយើងនិយមហៅថា មេមូរី (Memory) ដែលមានទំហំផ្ទុកធំបំផុតលើលោក ១.៥T ឬស្មើ១៥០០ជីកាបៃ ជាលើកដំបូងបំផុតរបស់ពិភពលោក ខណៈកាលពីពេលកន្លងមក គេអាចផលិត Memory ដែលមានទំហំផ្ទុកធំបំផុតអស់ត្រឹម ១T ឬ១០០០ជីកាបៃតែប៉ុណ្ណោះ។

ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ Memory ដែលមានទំហំធំដល់ ១.៥T បែបនេះ ប្រកាដណាស់ វាមិនសូវត្រូវបានប្រើដោយមនុស្សទូទៅ ឬអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដូចសព្វថ្ងៃនេះទេ ដោយសារតែកត្តាតម្លៃ។ ប៉ុន្ដែវាត្រូវបានគេផលិតឡើយមកសម្រាប់ចាប់អតិថិជនគោលដៅ ដែលជាអ្នកប្រើប្រាស់កាមេរ៉ាសុវត្ថិភាព។

ដោយ Memory ទំហំ ១.៥T នេះមានសមត្ថភាពជួយឱ្យកាមេរ៉ាសុវត្ថិភាព អាចដំណើរការថតវីដេអូ២៤ម៉ោង លើ២៤ម៉ោង បានរហូតដល់ទៅ ១០០ថ្ងៃឯណោះ ពោលគឺគេមិនចាំបាច់ហត់ទៅប្ដូរចុះប្ដូរឡើងដូចមុននោះឡើយ។

យ៉ាងណាក៏ដោយ ទោះបីជាផលិតផលក្នុងទំហំធំបែបនេះក្ដី​ ប៉ុន្ដែ Memory ដែលមានទំហំផ្ទុកធំបំផុតលើលោករបស់ក្រុមហ៊ុន Micron មួយនេះ នៅមានកម្រិតបញ្ជូន (Bandwidth) ទាបនៅឡើយ ពោលគឺកាលណាដែលកម្រិតបញ្ជូនទាបដូច្នេះ មានន័យថា កាមេរ៉ាសុវត្ថិភាពមិនទាន់អាចចាប់រូបភាពវីដេអូក្នុងកម្រិតច្បាស់ខ្លាំងនៅឡើយទេ ពោលគឺចាប់បានក្នុងកម្រិតរូបភាពមួយដែលអាចទទួលយក​បាន។

គួរជម្រាបផងដែរថា ភាពជោគជ័យក្នុងការផលិត មីក្រូអេសឌី(MicroSD) ឬ Memory ដែលមានទំហំធំបែបនេះ គឺបានជួយច្រើនមែនទែនទៅដល់អ្នកត្រូវការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព។ យ៉ាងណាក៏ដោយ ខាងក្រុមហ៊ុនបានប្ដេជ្ញាក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ឱ្យ Memory ក្រោយៗរបស់ខ្លួនអាចមានទំហំផ្ទុកកាន់តែធំជាងនេះ និងមានកម្រិតបញ្ជូន (BandWidth) កាន់តែខ្ពស់ដើម្បីអាចថតវីដេអូបានកាន់តែច្បាស់ជាងពេលបច្ចុប្បន្ន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia