អស្ចារ្យ! Huawei ចុះកិច្ចសន្យា ធ្វើឱ្យប្រជាជន១២០លាននាក់ នៅជនបទមានអ៊ីនធឺណិតប្រើ ត្រឹមឆ្នាំ២០២៥
Navasiri Morm
NOVEMBER 28 2022
PR
135 views
2 mins read

ទីក្រុងហ្សិនចិន៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei Technology បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយ សហភាពទូរគមនាគមន៍អន្តរជាតិ ហៅកាត់ថា (ITU) ដោយប្ដេជ្ញាថា នឹងជួយឱ្យមនុស្ស១២០លាននាក់ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលក្នុងប្រទេស ៨០ជុំវិញពិភពលោកឱ្យចូលដល់អ៊ីនធឺណិត និងអាចភ្ជាប់ខ្លួនទៅកាន់ពិភពឌីជីថលបាន ត្រឹមឆ្នាំ២០២៥ ខាងមុខនេះ។ បន្ថែមពីនេះទៀតក្រុមហ៊ុន Huawei ក៏នឹងផ្ដល់វគ្គបណ្ដុះបណ្ដាល ICT ដល់និស្សិតកម្ពុជា១០០០០នាក់ផងដែរ។

ការចុះហត្ថលេខាខាងលើនេះ ត្រូវបានលោក Liang Hua ប្រធានក្រុមហ៊ុន Huawei បានប្រកាសពីការសម្រេចចិត្ត នៅក្នុងវេទិកានិរន្តរភាពឆ្នាំ ២០២២ (2022 Sustainability Forum) របស់ក្រុមហ៊ុន Huawei ដែលត្រូវបានបានធ្វើឡើងក្រោមប្រធានបទ ការតភ្ជាប់ និងការនវានវត្តន៍ ដើម្បីកើតមានឥទ្ធិពលវិជ្ជមានក្នុងសង្គម (Connectivity+: Innovate for Impact) ។

1

ជាមួយគ្នានេះដែរ សម្រាប់វាគ្មិននៅក្នុងព្រឹត្តិការណ៍នេះ រួមមានថ្នាក់ដឹកនាំជាន់ខ្ពស់មកពី ITU អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីទូរគមនាគមន៍ និងនិយតករមកពីបណ្ដារប្រទេសជាច្រើនដូចជា ប្រទេសកម្ពុជា នីហ្សេរីយ៉ា បង់ក្លាដែស និងប៉ាគីស្ថាន និងអ្នកដឹកនាំធុរកិច្ច ដៃគូសហការ អ្នកជំនាញ និងអតិថិជនមកពីប្រទេសចិន អាហ្រ្វិកខាងត្បូង បែលហ្សិក និងអាល្លឺម៉ង់ផងដែរ។

លោក Liang Hua ប្រធានក្រុមហ៊ុន Huawei បានលើកឡើងថា ការជួយឱ្យប្រជនជននៅតំបន់ដាច់ស្រយាលចូលដល់អ៊ីនធឺណិត គឺជាជំហានដំបូងក្នុងការជួយផ្លាស់ប្ដូរជីវិតរបស់ពួកគេឱ្យកាន់តែប្រសើរឡើង ពោលគឺពួកគេនឹងអាចភ្ជាប់ទៅកាន់ពិភពឌីជីថល ដែលអាចមានលទ្ធភាពក្នុងការទទួលបានព័ត៌មាន អាចរៀនសូត្រចំណេះជំនាញថ្មីៗ ជាមួយនឹងឯកសារគ្មានដែនកំណត់ អាចទំនាក់ទំនងជាមួយមនុស្សជុំវិញពិភពលោក  និងឱកាសធ្វើអាជីវកម្មកាន់តែទូលំទូលាយ។

2

ដោយឡែក បើតាម លោក Cao Ming ប្រធានក្រុមហ៊ុន Huawei Wireless Solution បានលើកឡើងថា គម្រោងបច្ចេកវិទ្យា RuralStar របស់ក្រុមហ៊ុន Huawei បានជួយឱ្យមនុស្សជាង៦០លាននាក់ រស់នៅតំបន់ដាច់ស្រយាលនៅក្នុងជាង៧០ប្រទេសចូលដល់អ៊ីនធឺណិត។ ហើយបច្ចុប្បន្ននេះ Huawei កំពុងតែបន្ដធ្វើការទៅលើគម្រោងមួយនេះ ដើម្បីជួយឱ្យប្រជាជននៅក្នុងតំបន់ដាច់ស្រយាលជុំវិញពិភពលោកចូលដល់ឱកាសដូចអ្នកដទៃ តាមរយៈការចូលដល់អ៊ីនធឺណិត។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Huawei Technology បានប្រកាសប្ដេជ្ញាចិត្តបន្ដជួយប្រជាជននៅតំបន់ជនបទ ១២០លាននាក់ នៅក្នុង៨០ប្រទេស ឱ្យចូលដល់អ៊ីនធឺណិតនៅក្នុងឆ្នាំ២០២៥។

ដោយឡែកសម្រាប់ប្រទេសកម្ពុជា ដែលជាដៃគូរសហការក្នុងគម្រោង P2C ដំបូងបង្អស់របស់ ITU ខាងក្រុមហ៊ុន​ Huawei នឹងធ្វើការជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសាកលវិទ្យាល័យនានារបស់កម្ពុជា ដើម្បីផ្តល់ឱកាសបណ្តុះបណ្តាលសម្រាប់សិស្ស ១០០០០នាក់ ទៅលើជំនាញផ្នែក ICT ក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ៕

3

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia