ក្រុមហ៊ុន Baksey Media នឹងរៀបចំកម្មវិធីសម្ពោធសៀវភៅថ្មី មានចំណងជើងថា “លុយពិត” និពន្ធដោយលោកទឿយ ហុង ប្រធាននិពន្ធផ្នែកហិរញ្ញវត្ថុប្រចាំនៅ Business Cambodia ដោយកម្មវិធីទាំងមូលនឹងប្រពឹត្តិទៅនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អគារ CKCC ចាប់ពីម៉ោង ០៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់។
នៅថ្ងៃសម្ពោធសៀវភៅលុយពិតនេះដែរ ក៏មានការចូលរួមពីសំណាក់វាគ្មិនល្បីៗជាច្រើនរូប ដែលរួមមានដូចជាឯកឧត្ដម ហុង សុហួរ CEO នៃ CSX, លោកង៉ែត ជូ Chairman of F.I Vision Capital, លោកសំ កុសល ស្ថាបនិកក្រុមហ៊ុន Baksey Media, លោក ទឿយ ហុង ម្ចាស់សៀវភៅលុយពិត និងការឡើងថ្លែងចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវចូលរួមជាច្រើនទៀត។
សៀវភៅលុយពិត ត្រូវបាននិពន្ធឡើងផ្ទាល់ ដោយលោកទឿយ ហុង ក្នុងឆ្នាំ២០២២ ប៉ុន្តែទម្រាំបានបញ្ចប់សៀវភៅមួយក្បាលនេះ អ្នកនិពន្ធបានចំណាយពេលវេលាស្រាវជ្រាវ និងជួបសហគ្រិន អ្នកជំនាញ នៅក្នុងវិស័យហិរញ្ញវត្ថុ អស់រយៈពេល៥ឆ្នាំ។ ក្នុងសៀវភៅទាំងមូល លោកបានរលេចនូវសាច់រឿង យុទ្ធសាស្រ្ត និងគន្លឹះល្អៗ ក្នុងការគ្រប់គ្រងចំណូលចំណាយរបស់មនុស្សប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរអ្នកនិពន្ធ បានច្បាមយកនូវសាច់រឿង និងដកស្រង់ពាក្យល្អៗ ទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុ ពីបុគ្គលល្បីៗនៅក្នុងសង្គមខ្មែរ តួរយ៉ាងដូចជាសាច់រឿងរបស់លោកគ្រូ ង៉ែត ជូ, អ្នកស្រី ចេន សុភាព និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ក្នុងនិងក្រៅប្រទេស។
បន្ថែមពីលើនេះ សៀវភៅលុយពិត ត្រូវបានអ្នកនិពន្ធចងក្រងឡើង ជាមួយគោលបំណង ចង់ឱ្យប្រជាជនខ្មែរចេះចាយលុយ កុំឱ្យសល់ថ្ងៃពេលចុងខែ និងដើម្បីជួយឱ្យអ្នកអាន ឱ្យមានបំណិនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន កុំឱ្យចេះតែចាយវាយតាមអារម្មណ៍ ដោយមិនបានកត់ត្រាចំណូលចំណាយច្បាស់លាស់។ អ្នកអាននឹងទទួលបាននូវអារម្មណ៍មួយប្លែក បន្ទាប់ពីបានអានសៀវភៅ ដែលនិពន្ធឡើងដោយអ្នកនិពន្ធខ្មែរ សាច់រឿងបុគ្គលល្បីៗនៅខ្មែរ និងគន្លឹះសម្រាប់ចាត់ចែងលុយផ្សេងៗ។
គួរបញ្ជាក់ថា សម្រាប់លោកអ្នកដែលចង់ចូលរួមក្នុងកម្មវិធីសម្ពោធសៀវភៅលុយពិត ក៏ដូចជាការចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្សេងៗ លោកអ្នកអាចទិញសំបុត្រចូលរួមក្នុងតម្លៃត្រឹមតែ ១៥$ ប៉ុណ្ណោះ។ ទំនាក់ទំនងចុះឈ្មោះតាមតេឡេក្រាម https://t.me/hang24271។
អត្ថបទដោយ៖ ផែន ផាន់ណា