ក្ដៅហើយ! Elon Musk ចង់ប្រកាសសង្រ្គាមជាមួយ Apple និងនិយាយឌឺដងឱ្យ Tim Cook ចំៗទៀត
Navasiri Morm
NOVEMBER 30 2022
អាជីវកម្ម 4.0
317 views
3 mins read

បើនិយាយដល់បុរសដែលល្បីល្បាញក្នុងវិស័យជំនួញបច្ចេកវិទ្យា គេប្រាកដជាមិនអាចភ្លេចឈ្មោះបុរសម្នាក់នេះទេ គឺលោក Elon Musk ដែលបច្ចុប្បន្នគឺជាមហាសេដ្ឋីលេខ១ ពិភពលោកដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបប្រមាណ ១៨៩.៨ពាន់លានដុល្លារ។ ហើយកាលពីពេលថ្មីៗ​ នេះលោកទើបតែចំណាយលុយ ៤៤ពាន់លានដុល្លារ ដែលជាចំនួនលុយដ៏ច្រើនមហាសាលទិញយកក្រុមបណ្ដាញសង្គម Twitter ទាំងមូលតែម្ដង។ ស្របពេលដែលការលោតចូលមកលេងក្នុងសង្វៀនទីផ្សារបណ្ដាញសង្គមដំណើរការទៅយ៉ាងល្អ លោក Elon Musk ក៏បែរជាជួបបញ្ហាជាមួយនឹងក្រុមហ៊ុន Apple ដោយក្រុមហ៊ុន Apple គំរាមនឹងដក Twitter ចេញពី App Store ដែលជាកន្លែងទាញយក App ធំបំផុតមួយលើពិភពលោក។

ដោយកាលពីពេលថ្មីៗនេះ លោក Elon Musk បាន tweet នៅលើគណនីផ្លូវការរបស់ខ្លួសួរទៅកាត់លោក Tim Cook ដែលជា CEO របស់ក្រុមហ៊ុន​ Apple យ៉ាងដូច្នេះថា ហេតុអ្វី Apple គ្រោងឈប់ផ្សាយពាណិជ្ជកម្មជាមួយ Twitter ខណៈ Twitter បច្ចុប្បន្នបានក្លាយជាបណ្ដាញសង្គមមួយ ដែលប្រៀបដូចទៅនឹងទីលានដែលមនុស្សគ្រប់គ្នាមានសេរីភាពពេញលេញក្នុងការបញ្ចេញមតិយោបល់ (Free Speech) ។

លោក Elon Musk ក៏បានបន្ដទៀតថា Apple ថែមទាំងបានគំរាមដក Twitter ចេញពី  App Store ដោយមិនប្រាប់ហេតុផល។ ដោយរឿងនេះបានធ្វើឱ្យលោក Elon Musk មានការមិនពេញចិត្តជាខ្លាំង រហូតដល់ថ្នាក់លោក Elon Musk បានផុសឌឺដងលោក Tim Cook វិញ​ តាមរយៈការស្ទង់មតិពីមហាជននៅលើ Twitter ថា Apple គួរតែបង្ហាញសកម្មភាពបិទបាំងមួយចំនួន ដែលការសម្រេចធ្វើនូវសកម្មភាពទាំងអស់នោះ អាចប៉ះពាល់ដល់អតិថិជនដែលជាអ្នកប្រើប្រាស់ទូទៅ។ តាមរយៈការ Tweet មួយនេះ មានអ្នកទៅបញ្ចេញមតិយោបល់ជាង ២,២លាននាក់ និងមានមនុស្ស ៨៤.៧% បានយល់ស្របជាមួយនឹងគំនិតរបស់លោក Elon Musk ខណៈអ្នកខ្លះបានបញ្ចេញមតិយោបល់ថា ពួកគេក៏មិនចូលចិត្តការធ្វើការងារលាក់ៗ របស់ Apple ប៉ុន្មានដែរ។

ទន្ទឹមនឹងនេះផងដែរ ការជជែកវែកញ៉ែករឿងខាងលើ បានរីករាលដាលដល់រឿងមួយទៀតដែល Apple ប្រកាសថា នឹងកាត់ចំណូល ៣០% ពីម្ចាស់​ App ដែលដាក់ឱ្យអ្នកប្រើប្រាស់ Download តាម​ App Store របស់​ Apple។  ហើយចំណែកឯខាងលោក Elon Musk បង្ហាញជំហរថា បើត្រូវបង់ប្រាក់ច្រើនដល់ទៅ៣០% ឱ្យទៅខាង Apple ស្រួលៗបែបនេះ លោកសុខចិត្តប្រកាសសង្រ្គាមជាមួយ Apple ល្អជាង។

ជាមួយគ្នានេះដែរ មិនមែនមានតែលោក Elon Musk តែមួយរូបទេដែលមិនសប្បាយចិត្តចំពោះការសម្រេចកាត់ចំណូល ៣០% ពីម្ចាស់ App ប៉ុន្ដែលោក Mark Zuckerberg CEO ក្រុមហ៊ុន Meta និងអ្នកបង្កើត App ជាច្រើនទៀតបានរអ៊ូរទាំ និងរិះគន់យ៉ាងខ្លាំងទៅលើក្រុមហ៊ុន Apple។

គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ លោក Elon Musk ធ្លាប់បានបង្ហើបថា ប្រសិនបើ Apple ដក App Twitter ចេញពី App Store ហើយនិង Play Store នោះលោកនឹងមិនដេកចាំស្លាប់នោះទេ ពោលគឺជម្រើសចុងក្រោយ នឹងបង្កើតទូរសព្ទថ្មី ក៏ដូចជាប្រព័ន្ធប្រតិបត្តិការណ៍ថ្មីដោយខ្លួនឯង។  

យ៉ាងណាក៏ដោយ យើងមិនទាន់ឃើញការឆ្លើយតបត្រឡប់មកវិញពីខាង Apple នោះទេ ហើយយើងនឹងរង់ចាំមើលបន្ដទៀតថា តើខាងលោក Elon Musk និងខាងក្រុមហ៊ុន Apple នឹងដោះស្រាយបញ្ហាមួយនេះដោយរបៀបណា៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia