ឆ្លាតមែន! ស្ងាត់ៗ Apple បើកធនាគារលើពពក អាចខ្ចីលុយ Apple ទិញ iPhone សេរីថ្មីប្រើសិនបាន
Navasiri Morm
JUNE 10 2022
អាជីវកម្ម 4.0
3.2 K views
2 mins read

ក្រៅពីកើបលុយពីរបរផលិតគ្រឿងអេឡិចត្រូវនិច ដូជាទូរស័ព្ទនិងកុំព្យូទ័របានរាប់ពាន់លានដុល្លារ ពេលនេះ Apple កំពុងតែសម្ងំស្ងាត់ៗ ហក់ទៅចាប់របរថ្មីក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីកើបលុយ បន្ថែមទៀត ជាមួយនឹងសេវាកម្មថ្មី បើឱ្យខ្ចីលុយពី Apple ទៅទិញ iPhone សេរីថ្មីយកមកប្រើសិនបាន។។

ជាក់ស្ដែង បើតាមសារព័ត៌មាន The Verge បានឱ្យដឹងថា ក្រោយបើកដំណើរការ «Apple Pay» ដែលជាសេវាកម្មកាបូបអនឡាញ កាលពីឆ្នាំ២០១៤ បានយ៉ាងជោគជ័យ ថ្មីៗនេះ Apple បានបង្កើតសេវាកម្មមួយទៀត​ដែលមានឈ្មោះថា «Apple Pay Later» ដែលជាសេវាកម្មថ្មី អាចអនុញ្ញាតឱ្យអ្នកប្រើ​ iOS អាចខ្ចីលុយពី Apple បានដល់ទៅ ១០០០ដុល្លារ ដើម្បីទិញទំនិញអនឡាញ ដោយមិនគិតការប្រាក់ពីអ្នកប្រើឡើយ។

ប្រភពដដែលបានឱ្យដឹងថា Apple បានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធមួយឈ្មោះថា Apple Financing LLC និងបានរត់ទៅចាប់ដៃជាមួយនឹងធនាគារលំដាប់ពិភពលោក Goldman Sachs ដើម្បីដំណើរការសេវាកម្មថ្មីនេះ ដោយ Apple អាចឱ្យកម្ចី និងអាចចេញកាតសុប្បនិម្មិតដោយស្របច្បាប់ឱ្យប្រើប្រាស់ទូទាត់លុយលើអនឡាញ បានដូចប្រើទូទាត់ជាមួយ Visa Card ឬ Master Card ដែលមនុស្សទូទាំងពិភពលោកប្រើប្រាស់ទូទាត់លុយអនឡាញសព្វថ្ងៃនេះ។

គួរជម្រាបផងដែរថា សម្រាប់សេវាកម្មកម្ចីពី Apple នេះ គេអាចខ្ចីបានច្រើនបំផុតត្រឹម១០០០ដុល្លារ ហើយត្រូវសងត្រឡប់ទៅវិញ ត្រឹមរយៈពេល៦សប្ដាហ៍ ដោយមិនចាំបាច់មានការប្រាក់។ ប៉ុន្ដែបើសងត្រឡប់ទៅវិញ លើសកាលកំណត់នឹងត្រូវពិន័យប្រាក់ថែមបន្ដិចបន្ដួច។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ថ្វីត្បិតតែ Apple Financing LLC​ មិនទាន់ចុះឈ្មោះធ្វើជាធនាគារ ក៏ពិតមែន ប៉ុន្ដែការរត់ទៅសហការជាមួយនឹងធនាគារលំដាប់ពិភពលោកដូចជា Goldman Sachs បូករួមនឹងការសម្រួលឱ្យអាចខ្ចីលុយមុន និងមានកាតសិប្បនិម្មិតរបស់ Apple ផ្ទាល់ ដែលអាចទូទាត់លុយតាមអនឡាញបានដូចជា Visa និង Master Card ផងនោះ វាមើលទៅដូចជា Apple បើកធនាគារថ្មីលើពពក ឬនិយាយឱ្យងាយយល់គឺធនាគារ ឬកន្លែងផ្ដល់សេវាកម្មហិរញ្ញវត្ថុអនឡាញនឹងឯង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia