ប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ សម្រុកនាំគ្នាទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ដោយធ្វើដំណើរតាមរយៈផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រោះការបើកបរតាមបណ្ដោយផ្លូវនេះ គឺចំណេញពេលវេលា ពាក់កណ្ដាល បើធៀបនឹងការជិះលើផ្លូវធម្មតា។ យ៉ាងណាមិញ ថ្មីៗនេះនៅលើបណ្ដាញសង្គមមានការជជែកវែកញែកអំពីការកកស្ទះនៅច្រកចូលផ្លូវល្បឿនលឿន ត្រង់បញ្ជរបង់ប្រាក់តាមច្រកមួយចំនួន ខណៈចំនួនរថយន្តធ្វើដំណើរមានកាន់តែច្រើន។
ដើម្បីសម្រួលការកកស្ទះនេះ ក្រុមហ៊ុនដែលទទួលគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហន ក៏បានប្រើបច្ចេកវិទ្យាបង់ប្រាក់ស្វ័យប្រវត្តិ ដើម្បីដោះស្រាយបញ្ហាស្ទះច្រកចូល។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានប្រើបច្ចេកវិទ្យា ETC ដើម្បីសម្រួលដល់ការបង់លុយធ្វើដំណើរ។ បើយោងតាមការផ្សាយរបស់ផេកផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឱ្យដឹងថា លោកអ្នកអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ETC ដើម្បីបង់ប្រាក់ដោយស្វ័យប្រយ័ត្ន ពោលគឺលោកអ្នកត្រូវធ្វើកាត ETC រួចបញ្ចូលទឹកប្រាក់ក្នុងប្រព័ន្ធនោះ តាមរយៈ App ធនាគារ ABA ឬ ACLEDA ដូច្នេះពេលបើកទៅលើផ្លូវល្បឿនលឿន លោកអ្នកគ្រាន់តែជិះលើគំនូសដែលមានពាក្យថា ETC ជាមួយល្បឿន២០គីឡូម៉ែត្រ/១ម៉ោង និងត្រូវរក្សាគម្លាតពីយានយន្តខាងមុខ យ៉ាងតិច 03ម៉ែត្រ ដើម្បីបញ្ចៀសការភ័ន្តច្រលំ ក្នុងការកាត់ទឹកប្រាក់ នោះប្រព័ន្ធ ETC នឹងធ្វើការកាត់ទឹកប្រាក់របស់លោកអ្នកដោយស្វ័យប្រវត្តិ ដោយពុំចាំបាច់ឈប់នៅបញ្ជរបង់ប្រាក់ ឬជួបក្រុមការងារទូទាត់ប្រាក់ដូចមុនឡើយ(ក្នុងករណីលោកអ្នកមានកាត ETC ហើយ)។ ចំពោះកន្លែងធ្វើកាត ETC វិញ លោកអ្នកអាចធ្វើបាននៅច្រកចូលផ្លូវល្បឿនលឿនភ្នំពេញ កៀកនឹងបញ្ជរបង់ប្រាក់។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងតាមលេខ 1399 ដើម្បីសាកសួរព័ត៌មានអំពីការធ្វើកាត ETC បាន។
បន្ទាប់ពីលោកអ្នកបានធ្វើកាត ETC ហើយ នៅពេលចង់បង់ប្រាក់ លោកអ្នកគ្រាន់តែចូលទៅកាន់ App របស់ធនាគារ ACLEDA ឬ ABA ដើម្បីបង់ប្រាក់បាន ដោយនៅលើ App ACLEDA យើងចូលទៅក្នុងមុខងារ"បង់ប្រាក់" រួចជ្រើសរើសយកត្រង់ពាក្យថា វិក្កយបត្រសេវាសាធារណៈ បន្ទាប់មកទៀតរើសយកពាក្យថា ក្រុមហ៊ុនផ្លូវល្បឿនលឿន រួចធ្វើការបំពេញស្លាកលេខ និងចំនួនទឹកប្រាក់ជាការស្រេច។ ចំណែកនៅលើ App ABA លោកអ្នកចូលទៅមុខងារ ទូទាត់ រួចចុចលើពាក្យថា សេវាសាធារណៈ រួចរើសយកពាក្យថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងធ្វើការបំពេញផ្លាកលេខរថយន្ដ និងចំនួនទឹកប្រាក់ ជាការស្រេចដូចគ្នា៕
អត្ថបទដោយ៖ ផែន ផាន់ណា