បើទោះបីជាឪពុកនិងកូននេះ មិនសូវមានទំនាក់ទំនងល្អ ដូចជាគ្រួសារគេដទៃក៏ពិតមែន ប៉ុន្តែ Elon Musk និងឪពុករបស់គាត់គឺ Errol Musk មានការគិតដូចគ្នាមួយ គឺភ័យខ្លាចរឿង ចំនួនមនុស្សនៅលើភពផែនដីមានការធ្លាក់ចុះ ខណៈលោក Errol ក៏ធ្លាប់បានណែនាំឱ្យ Elon Musk យកកូនឱ្យបានកាន់តែច្រើនថែមទៀត រឹតតែល្អ។
ឪពុករបស់ Elon លោក Errol មានការយល់ឃើញដូចទៅនឹងកំពូលមហាសេដ្ឋី Elon Musk កូនរបស់ខ្លួនដែរ ដោយថ្មីៗនេះលោកបានបង្ហាញអំពីក្ដីព្រួយបារម្ភបំផុត នៅពេលដែលឃើញអត្រានៃការកើតរបស់មនុស្សលើភពផែនដី ចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ។ ដូចគ្នាដែរ កន្លងមក Elon Musk ក៏ធ្លាប់ព្រួយបារម្ភអំពីការធ្លាក់ចុះនេះ ដូចទៅនឹងឪពុករបស់ខ្លួនដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Business insider។
មុនពេលបង្ហាញក្ដីព្រួយបារម្ភនេះ កន្លងមកលោក Errol ក៏ធ្លាប់បាននិយាយផងដែរថា លោក Elon Musk កូនប្រុសរបស់គាត់ ដូចជាមិនមានហេតុផងអ្វី ត្រូវរារាំងរឿងយកកូនឱ្យបានច្រើននោះទេ ដូច្នេះគេ Elon គួរតែមានកូនឱ្យបានច្រើន។ យ៉ាងណាមិញ កាលពី២ខែមុននេះ ក៏ធ្លាប់មាននារីៗជាច្រើន ស្នើសុំមេជីវិតរបស់ Errol ដែរ ព្រោះគេគិតថាលោកអាចមានហ្សែនល្អ។
គូសបញ្ជាក់ថាលោក Errol មានកូនចំនួន៦នាក់ ខណៈកូនប្រុសរបស់លោកដែលជាមហាសេដ្ឋីពិភពលោក Elon Musk មានកូន១០ នេះបើបូករួមទាំងកូនភ្លោះចុងក្រោយជាមួយអតីតមិត្តស្រីរបស់លោកផង៕
អត្ថបទដោយ៖ ផែន ផាន់ណា